ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ចាប់ពីថ្ងៃនេះ កម្ពុជានឹងទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន រយៈពេល៣ថ្ងៃពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានឱ្យដឹងថា នៅថ្ងៃទី១៩-២១ ខែតុលា កម្ពុជា នឹងបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ (NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ខែតុលា។

ស្ថានភាព​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេស ដោយក្នុងនោះនៅ​តំបន់​វាលទំនាប​កណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០ ទៅ ៣២អង្សាសេ ដោយចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច។

រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២០ ទៅ ២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៩ ទៅ ៣១អង្សាសេ ហើយចាប់ពីថ្ងៃទី១៩-២១ ខែតុលា ក៏ស្ទើរតែគ្មានភ្លៀងដូចតំបន់​វាលទំនាប​កណ្តាល។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក​ នៅ​តំបន់​មាត់សមុទ្រ​ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៩ ទៅ ៣១អង្សាសេ ដែលអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕